សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ណែនាំឱ្យបងប្អូនប្រជាពលរដ្ឋដែលមានបញ្ហាប្រឈមនឹងការនាំមៀនប៉ៃលិន ចេញទៅក្រៅប្រទេស ទាក់ទងទៅខុទ្ទកាល័យរបស់សម្តេច

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ — យោងតាមប្រភពពីខុទ្ទកាល័យ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន បានឱ្យទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៃក្រសួងព័ត៌មាន ដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអនុញ្ញាតឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ ដើម្បីប្រមូលទិញនូវកសិផលរបស់ប្រជាកសិករ គឺផ្លែមៀនប៉ៃលិន នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលកំពុងប្រឈមនឹងការនាំចេញទៅក្រៅប្រទេស។

សូមបងប្អូនដែលកំពុងប្រឈមបញ្ហាពាក់ព័ន្ធនឹងការនាំចេញ ដែលបណ្តាលមកពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមព្រំដែនប្រទេសជិតខាងនេះ សូមធ្វើការទំនាក់ទំនង ទៅក្រុមការងាររបស់ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង តាមរយៈលេខទំនាក់ទំនង គឺ 097 777 3737 (លោក សេង ឌីលីន)
និងលេខ 088 903 7777 (លោក ស៊ុន ម៉េងហៃ) សម្រាប់ព័ត៌មានបន្ថែម ហើយកន្លែងទទួលទិញគឺនៅសាលាខេត្តបាត់ដំបង ដោយអនុវត្តចាប់ពីថ្ងៃទី១៨ ខែសីហា នេះតទៅ។

ប្រភពដដែលបានបញ្ជាក់ផងដែរថា ក្រុមការងារកំពុងតែសិក្សាពីតម្លៃ ដែលត្រូវប្រមូលទិញនៅឡើយ ហើយបន្ទាប់ពីប្រមូលទិញបាន ផ្លែមៀនប៉ៃលិនទាំងនេះ នឹងផ្តល់ជូនទៅដល់គោលដៅដែលបានកំណត់រួចហើយ។

សូមបញ្ជាក់ថា មានយុទ្ធនាការទិញមៀនប៉ៃលិននេះ ដោយថ្នាក់ដឹកនាំ ក៏ដូចជាក្រុមហ៊ុនឯកជនមួយចំនួន ដើម្បីជួយសម្រួលដល់ប្រជាកសិករដែលកំពុងប្រឈមនឹងបញ្ហានាំចេញ ដោយសារតែបរិបទនៃការរីករាលវីរុសកូវីដ-១៩ កាន់តែបន្តកើនឡើង ក្នុងនោះក៏មានឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានផងដែរ។

ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ មៀនប៉ៃលិនរបស់ប្រជាសហគមន៍ ប្រមាណជាង ៥ម៉ឺនតោន កំពុងប្រឈមនឹងការខូចខាត ដោយសារតែប្រទេសថៃ បានបិទទីផ្សារនាំចូលពីកម្ពុជា៕

ដោយ ផែន រតនៈ

You do not have permission to write comment on this post.

Log in Register