អាជ្ញាធរក្រុងដូនកែវ ខេត្តតាកែវ បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ

Please log in or register to like posts.
ព័ត៌មាន

AKP តាកែវ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ — អាជ្ញាធរក្រុងដូនកែវ ខេត្តតាកែវ កាលពីព្រឹកថ្ងៃចន្ទ ៨កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានបើកយុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ ដែលរស់ នៅក្នុងសង្កាត់ទាំង៣ ស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ មានចំនួនជាង៤ពាន់នាក់ នៅសាលា សង្កាត់បារាយណ៍។

ពិធីនេះ មានការអញ្ជើញចូលរួម ដោយលោក កង អាណាន់ អភិបាល នៃគណៈ អភិបាលក្រុង ដូនកែវ រួមជាមួយ លោក លោកស្រី អភិបាលរងក្រុងដូនកែវ ព្រមទាំងមន្ត្រី សុខាភិបាល និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

លោក កង អាណាន់ បានមានប្រសាសន៍ថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់កុមារ និងយុវវ័យអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ ក្នុងក្រុងដូនកែវ ខេត្តតាកែវ នៅពេលនេះ គឺធ្វើឡើងនៅទីតាំងចំនួន៣កន្លែងគឺ៖ ទី១.នៅសាលាសង្កាត់បារាយណ៍, ទី២. នៅមន្ទីរ សុខា ភិបាលខេត្តតាកែវ និងទី៣.នៅការិយាល័យប្រតិបត្តិក្រុងដូនកែវ។

លោក កង អាណាន់ អភិបាលក្រុងដូនកែវ ក៏បានធ្វើការអំពាវនាវដល់មាតាបិតា និង អាណាព្យាបាលទាំងអស់ ដែលមានកូនចៅគ្រប់អាយុចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ សូមនាំកូនចៅមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា ហើយត្រូវបន្តចូលរួម អនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសអនុវត្តន៍នូវវិធានការ ៣កុំ និង៣ការពារឱ្យបានត្រឹមត្រូវ។ ពេលនាំកូនចៅមកចាក់វ៉ាក់សាំង សូមរក្សាកម្លាតសុវត្ថិភាព ពាក់ម៉ាស និងមានអាល់កុលជាប់ខ្លួន ដើម្បីចូលរួមកាត់ផ្តាច់ការឆ្លងជំងឺ កូវីដ១៩ នៅក្នុងសហគមន៍របស់យើង។

លោកអភិបាលក្រុងដូនកែវបានបន្តថា នៅក្នុងក្រុងដូនកែវ មានអ្នកកើត ជំងឺកូវីដ១៩ជាង ៥០០នាក់ មានអ្នកបាត់បង់ជីវិតចំនួន០៩នាក់ ក្នុងនោះមានអ្នកជាសះស្បើយ ចំនួនជាង៤០០នាក់ហើយ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវតែបន្តអនុវត្តន៍ នូវវិធានការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប់ជាប្រចាំ។ ជាពិសេសត្រូវ អនុវត្តន៍នូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នូវវិធាន ៣ការពារ និង ៣កុំ ឱ្យបានគ្រប់ៗគ្នា។

គួបញ្ជាក់ថា សម្រាប់ខេត្តតាកែវ មានកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ ចំនួន ១១៦៥៧៧នាក់ ដែលត្រូវទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩៕

ដោយ អ៊ុច សៀង

You do not have permission to write comment on this post.

Log in Register