ខណៈដែលរមណីយដ្ឋានអង្គរផ្អាកមិនឱ្យភ្ញៀវទេសចរចូលទស្សនាជាបណ្តោះអាសន្ន តែការងារថែទាំប្រាសាទនៅតែធ្វើជាប្រចាំ

Please log in or register to like posts.
ព័ត៌មាន

AKP សៀមរាប ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ — ឯកឧត្តម ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បាន ឱ្យដឹងនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះថា បច្ចុប្បន្ននេះ អាជ្ញាធរជាតិអប្សរា បានសម្រេច បិទមិនឱ្យភ្ញៀវទេសចរចូលទស្សនារមណីយដ្ឋានអង្គរជាបណ្តោះអាសន្ន ដើម្បីចូលរួម ទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ១៩។

ប៉ុន្តែ ទោះបីរមណីយដ្ឋានអង្គរផ្អាកមិនឱ្យចូលទស្សនាជាបណ្តោះអាសន្នក៏ពិតមែន តែ ក្រុមភ្នាក់ងារទេសចរណ៍នៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ អាជ្ញាធរជាតិអប្សរា បានធ្វើ ការងារបោសសម្អាតថ្មប្រាសាទ កាត់ដកកូនឈើ និងស្មៅដែលដុះលើថ្មប្រាសាទ អង្គរវត្ត ដើម្បីថែទាំប្រាសាទឱ្យបាននៅយូរអង្វែង។

ជាមួយគ្នានេះ ក្រុមការងារក៏បានជួសជុលកម្រាលឈើ ដែលមានសភាពពុកផុយ ដើម្បីសម្រួលដល់ភ្ញៀវទេសចរ ទស្សនាទិដ្ឋភាពដ៏អស្ចារ្យ នៃប្រាសាទបុរាណ ដែលជាកន្លែង ដ៏ទាក់ទាញភ្ញៀវទេសចរចម្រុះជាតិសាសន៍ទៅផ្តិតយករូបភាព បង្ហាញពីការរស់នៅ រវាងដើមឈើ ជាមួយនឹងប្រាសាទដែលមានអាយុកាលរាប់រយឆ្នាំមកហើយ។

សូមបញ្ជាក់ថា ការងារថែទាំប្រាសាទបុរាណនៅក្នុងតំបន់អង្គរ មន្រ្តីអាជ្ញាធរជាតិ អប្សរាតែងតែធ្វើជាប្រចាំ ទោះបីស្ថិតនៅក្នុងស្ថានភាពលំបាក់នៃការឆ្លងរាលដាលនៃមេរោគ កូវីដ១៩ក៏ដោយ៕

ដោយ ឃុត សៅ

You do not have permission to write comment on this post.

Log in Register