អាជ្ញាធររាជធានីភ្នំពេញ៖ ការសាងសង់ស្ពាន៧កន្លែង និងបុកស៊ីផាយ នៅប្រឡាយទួលពង្រ១ ក្នុងខណ្ឌពោធិ៍សែនជ័យ គ្រោងនឹងបញ្ចប់នៅដំណាច់ខែសីហានេះ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ — អាជ្ញាធររាជធានីភ្នំពេញ បាន និងកំពុងសាងសង់ស្ពានចំនួន៧កន្លែង និងការបុកស៊ី ផាយនៅតាមមាត់ប្រឡាយមេ នៅប្រឡាយទួលពង្រ១ ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ គ្រោងនឹងបញ្ចប់នៅដំណាច់ខែសីហានេះ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរ​សាធារណការ ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​ បាន ឱ្យដឹងនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះថា ដោយមានការណែនាំ ពីឯកឧត្តម ឃួង ស្រេង​ អភិបាលរាជធានីភ្នំពេញ មន្ទីរ​សាធារណការ ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​ សហការ ជាមួយមន្ទីរធនធានទឹក និងអាជ្ញាធរខណ្ឌពោធិ៍សែនជយ័ បានដាក់គ្រឿង ចក្រកាយស្តារ ប្រឡាយទួលពង្រទី១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ទំហ៊ំ ៨ម៉ែត្រ និង ជម្រៅ២ម៉ែត្រ ធ្វើស្ពានចំនួន៧កន្លែង និងបុកស៊ីផាយ តាមមាត់ប្រឡាយមេ ការពារដីបាក់ ដោយគិតមកដល់ត្រឹមថ្ងៃទី១៧ ខែសីហា នេះ សម្រេចបានប្រមាណជិត១០០ភាគរយ ហើយ។ ការងារស្តារ និងបុកស៊ីផាយជញ្ជាំងប្រឡាយ ដល់ពេលនេះបានរួចរាល់អស់ហើយ គឺនៅសល់តែស្ពានមួយប៉ុណ្ណោះ ក្នុងចំណោម៧ស្ពាន ដែលយើងបាន និងកំពុងសាងសង់ ហើយការដ្ឋានទាំងមូលគ្រោង នឹងបញ្ចប់នៅដំណាច់ ខែសីហានេះ ជាមួយនឹង ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការផងដែរ។

លោកបន្តថា ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ ក្នុងការបង្ហូរទឹក រំដោះ ទឹកជន់ពីផ្លូវជាតិលេខ៣ ក្នុង​ភូមិ​សាស្ត្រ​ខណ្ឌមានជ័យ ទៅកាន់បឹងជើងឯក និង​បន្ត​ហូរ​ទៅកាន់ស្ទឹងជ្រៅ។ នៅពេលគម្រោងការនេះ បញ្ចប់វានឹងអាចកាត់បន្ថយទឹកជំនន់ទឹកភ្លៀង បានមួយកម្រិតធំ។

លោក សាំ ពិសិដ្ឋ បានបន្តទៀតថា ក្នុងពេលសាងសង់ស្ពាន៧កន្លែងនេះ យើងបានដាក់លូប្រអប់បណ្តោះអាសន្ន ដោយសារតែយើងបានកាត់ផ្តាច់ផ្លូវ មួយចំនួនកាល ពីជំនន់ទឹកភ្លៀងនារដូវវស្សាកន្លងមក។ ចំណែកនៅមុខផ្ទះប្រជាពលរដ្ឋដែលបានកាត់ផ្តាច់ផ្លូវ យើងបានបុកស៊ីផាយដើម្បីទប់ដីកុំឱ្យបាក់ប្រវែងជាង២០០ម៉ែត្រផងដែរ។   គម្រោង ស្តារប្រឡាយទួលពង្រ១ ជាប្រឡាយបេតុងនេះ មានទទឹង ៨ម៉ែត្រ បណ្ដោយ ៤៥៤៥ម៉ែត្រ ចាប់ពីភូមិព្រៃព្រីងខាងត្បូងដល់បុរីជីបម៉ុង។ ដាក់លូប្រអប់ទំហំ ២,៦៥ម៉ែត្រគុណនឹ ង២,៦៥ម៉ែត្រ មានចំនួន៣ជួរប្រវែង៤៤៥ម៉ែត្រ ចាប់ពីបុរីជីពម៉ុងដល់ប្រឡាយបឹងហា។ ដាក់លូប្រអប់ស្របតាមផ្លូវជាតិលេខ៣ ទំហំ ៦ម៉ែត្រគុណនឹង២ ម៉ែត្រប្រវែង១២២០ម៉ែត្រ  ចាប់ពីបុរី Green Vill ដល់ដើមប្រឡាយទួលពង្រ និងដាក់លូជ្រុងចំណុចផ្លូវឆ្លងកាត់ មានចំនួន៧កន្លែងផងដែរ៕

ដោយ សួស សំរិត

You do not have permission to write comment on this post.

Log in Register