រាជរដ្ឋាភិបាលកម្ពុជាបរិច្ចាគប្រាក់ចំនួន២០ម៉ឺនដុល្លារអាម៉េរិក និងឧបករណ៍វេជ្ជសាស្ត្រ មួយចំនួន ដល់ប្រទេសមីយ៉ាន់ម៉ា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្រេច​ផ្ដល់​ជំនួយជាថវិកាចំនួន ២០ម៉ឺន ដុល្លារអាម៉េរិក និងឧបករណ៍វេជ្ជសាស្ត្រមួយចំនួន ដល់​សាធា​រណរដ្ឋសហភាពមីយ៉ាន់ម៉ា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩។

ក្នុងលិខិតចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ផ្ញើជូនឯកឧត្ដម ឧត្ដមសេនីយ៍ មីង អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា សម្ដេច​តេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា “ខ្ញុំបានតាមដានកិច្ចខិតខំប្រឹងប្រែង​របស់​ប្រទេស​ឯកឧត្តម ក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ដោយបានចាត់​វិធានការ​យ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតនេះ​តាំងពីដំបូង​មក”។

សម្ដេច​តេជោបន្តថា ក្នុងស្មារតីមិត្តភាពនិងសាមគ្គីភាពរវាងប្រទេសយើងទាំងពីរ ខ្ញុំសូម​បរិច្ចាគជាសាច់ប្រាក់ចំនួន ២០០ ០០០ ដុល្លារអាម៉េរិក របស់រាជរដ្ឋាភិបាលកម្ពុជា បន្ថែម​ពី​លើការសន្យារបស់កម្ពុជាចំនួន ១០០ ០០០ ដុល្លារអាម៉េរិក សម្រាប់ជំនួយមនុស្ស​ធម៌​​អាស៊ាន​ជួយមីយ៉ាន់ម៉ា តាមរយៈមជ្ឈមណ្ឌលអាស៊ានសម្រាប់សម្របសម្រួលជំនួយ​មនុស្សធម៌ (AHA Centre)។ ជាមួយគ្នានេះ យើងក៏នឹងបរិច្ចាគនូវឧបករណ៍វេជ្ជសាស្រ្ត​មួយ​ចំនួន ដែលរួមមាន ម៉ាសចំនួន ៣ លាន តេស្តរហ័ស ចំនួន ៥០០ ០០០ សម្លៀកបំពាក់​សុវត្ថិភាព PPE ចំនួន ២ ០០០ ឈុត ម៉ាស៊ីនផលិតអុកស៊ីហ្សែនស្វ័យប្រវត្តិចំនួន ១០០ គ្រឿង ម៉ាស៊ីនជំនួយដកដង្ហើមចំនួន ២០ គ្រឿង និងម៉ាស៊ីនតាមដានសញ្ញាជីវិតចំនួន ២០គ្រឿង។

សម្ដេចតេជោថ្លែងបន្ថែមថា ក្នុងន័យនេះឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួង​សុខាភិបាល និងជាប្រធានគណៈកម្មាធិការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នឹងដឹកនាំគណៈប្រតិភូមួយក្រុមដើម្បីប្រគល់ជូនអំណោយខាងលើនេះ តាមជើងហោះ​ហើរពិសេស ដែលនឹងត្រូវរៀបចំឡើងដើម្បីទៅទីក្រុងណៃពិដោ នាពេលឆាប់ៗនេះ។ សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលមានប្រសាសន៍សង្កត់ធ្ងន់ថា «ខ្ញុំជឿជាក់យ៉ាងមុតមាំថា ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើងៗ នឹងយកឈ្នះលើជំងឺរាតត្បាតសកលនេះ ទាំងស្រុង»៕

ដោយ៖ ជឹម ណារី

You do not have permission to write comment on this post.

Log in Register