រដ្ឋបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំដើម្បីរិះរកគ្រប់មធ្យោបាយប្រយុទ្ធ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩មេរោគបំប្លែងថ្មី ប្រភេទដែលតា (Delta)

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១–

ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ មេរោគបំប្លែងថ្មី ប្រភេទដែលតា (Delta)នោះ នារសៀលថ្ងៃ៩កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី១៧ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចូលរួមក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសំឡេង(Video Conference) ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដោយមានការចូលរួមពីស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរទាំង១៤ខណ្ឌ ក្នុងគោលបំណងរិះរកគ្រប់មធ្យោបាយ ដើម្បីឈានទៅរកការកាត់ផ្តាច់ឱ្យបាននូវការរីករាលដាលនៃជំងឺកូវីដ-១៩ មេរោគបំប្លែងថ្មី ប្រភេទដែលតា(Delta) នេះ។

ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា មេរោគបំប្លែងថ្មី ប្រភេទដែលតា (Delta) ត្រូវបានរកឃើញដំបូងនៅប្រទេសឥណ្ឌា កាលពីខែធ្នូឆ្នាំ២០២០ ។ មជ្ឈមណ្ឌលទប់ស្កាត់ជំងឺឆ្លង (CDC) របស់សហរដ្ឋអាមេរិក បានកត់សម្គាល់ថា មេរោគនេះមានសមាសធាតុឆ្លងខ្លាំងបំផុត បើធៀបនឹងវីរុសកូវីដ-១៩ ប្រភេទមុនៗ ។ ភាពសាហាវរបស់មេរោគបំប្លែងថ្មី ប្រភេទដែលតា គឺឆ្លងរាលដាលក្នុងល្បឿនលឿនជាងវីរុសកូវីដ-១៩ ប្រភេទផ្សេងៗទៀត ហើយជាប្រភេទមេរោគដែលសកលលោកទាំងមូលទទួលស្គាល់ថា ងាយឆ្លងបំផុតនាពេលបច្ចុប្បន្ន ។ ពោលគឺ ឆ្លងក្នុងល្បឿនពី១០ទៅ១៥នាក់ ក្នុងពេលតែមួយ លឿនជាងមេរោគកូវីដ-១៩ ប្រភេទមុនៗ ។

ឯកឧត្តម អភិបាលរាជធានីភ្នំពេញ បានបន្តថា គិតត្រឹមដើមខែសីហា ឆ្នាំ២០២១ មេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) មានវត្តមាននៅក្នុងប្រទេស និង ដែនដីសរុបចំនួន ១២៤ប្រទេស ក្នុងពិភពលោក។ ដោយឡែកនៅប្រទេសកម្ពុជា មេរោគបំប្លែងថ្មី ប្រភេទដែលតា នេះ ត្រូវបានរកឃើញដំបូងកាលពីចុងខែមិថុនា ឆ្នាំ២០២១ លើពលករខ្មែរ ដែលបានវិលត្រលប់មកពីប្រទេសថៃ តាមច្រកព្រំដែនគោកកម្ពុជា-ថៃ ។ គិតត្រឹមថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ កម្ពុជាបានរកឃើញមេរោគបំប្លែងថ្មី ប្រភេទDelta លើពលករខ្មែរត្រលប់មកពីប្រទេសថៃ និងប្រទេសវៀតណាម អ្នកដំណើរតាមជើងហោះហើរ បុគ្គលិកសុខាភិបាល មន្ត្រីរាជការ និងអ្នកភូមិនៅក្នុងសហគមន៍ សរុបទាំងអស់ចំនួន ៤៩៤នាក់ (ស្រ្តីចំនួន ២៩៣នាក់) ក្នុងមូលដ្ឋានចំនួន ២២រាជធានី-ខេត្ត លើកលែងខេត្ត៣ខេត្តដែលមិនទាន់រកឃើញវត្តមានមេរោគនេះ គឺ ខេត្តកែប ខេត្តតាកែវ និងខេត្តក្រចេះ ។ ដោយឡែកសម្រាប់មូលដ្ឋានរាជធានីភ្នំពេញ គិតត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ អ្នកជំងឺកូវីដ-១៩ ដែលត្រូវបានរកឃើញផ្ទុកមេរោគបំប្លែងថ្មី ប្រភេទ Delta ចំនួន ១១១នាក់ ដោយបែងចែកជា ៣ករណី ក្នុងនោះករណីនាំចូលដែលតា(Delta) លើអ្នកដំណើរតាមជើងហោះហើរ ករណីរកឃើញ Delta នៅតាមមន្ទីរពេទ្យ និង ករណីរកឃើញDelta នៅក្នុងសហគមន៍។

ឯកឧត្តមបានបន្ដថា ក្នុងរយៈពេលកន្លងមក ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ប្រភេទបំប្លែងថ្មីនេះ រដ្ឋបាលរាជធានីភ្នំពេញ បានសហការយ៉ាងជិតស្និទ្ធជាមួយនឹងបណ្តាអនុគណៈកម្មការនៃ គ.អ.ក. និងអង្គភាពពាក់ព័ន្ធ ស្របតាមអភិក្រម រកឃើញឆាប់រហ័ស គ្រប់ គ្រងបានលឿន និងការកាត់ផ្ដាច់ខ្សែឆ្លងរាលដាលបានទាន់ពេលវេលា។

ស្ថិតក្នុងបរិការណ៍នៃការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បណ្តាលមកពីមេរោគបំប្លែងថ្មី ជាពិសេសមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) ដែលបាននិងកំពុងវាយលុកយ៉ាងសកម្មក្នុងរយៈពេលចុងក្រោយនេះ រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមទីតាំងមណ្ឌលចត្តាឡឺស័ក សម្រាប់ទទួលពលករខ្មែរមកពីព្រំដែនកម្ពុជា-ថៃ និងព្រំដែនកម្ពុជា-វៀតណាម ចំនួន ២ទីតាំងបន្ថែមទៀត រួមមាន៖ (១) អនុវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែន វត្តភ្នំ មានចំនួន ២៥០គ្រែ ។ (២) វិទ្យាល័យ ជាស៊ីម ឈូកវា មានចំនួន ៣០០គ្រែ សរុប (១)+(២) មានលទ្ធភាពទទួលអ្នកចត្តាឡីស័កចំនួន ៥៥០គ្រែ ឬនាក់។ ត្រៀមមណ្ឌលព្យាបាលសម្រាប់ទទួលអ្នកជំងឺកូវីដ-១៩ ប្រភេទបំប្លែងថ្មី ដែលតា (Delta) ដែលមានសមត្ថភាពទទូលជំងឺជាង ១ ៤០០គ្រែ ដោយកំណត់យកមណ្ឌលព្យាបាលក្ខវីដ-១៩ សែនសុខ២ (ព្រីមៀសែនសុខ) ។ ក្នុងនោះគ្រែសម្រាប់អ្នកជំងឺកូវីដ-១៩ មានចំនួន ១ ៣៥០គ្រែ នឹងត្រែសង្គ្រោះបន្ទាន់មានចំនួន ៨៨គ្រែ។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមសាស្ត្រចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធររាជធានីភ្នំពេញ កងកម្លាំងទាំងអស់ អាជ្ញាធរខណ្ឌទាំង១៤ និងក្រុមគ្រូពេទ្យទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ រហូតមានការថយចុះ។ ប៉ុន្តែចុងក្រោយនេះក៏មានប្រភេទដែលតា រីករាលដាលបន្ត ដែលជំរុញឱ្យយើងទាំងអស់គ្នា យកចិត្តទុកដាក់ឱ្យបានខ្លាំងក្លាបន្ថែមទៀត។ ដូច្នេះហើយទើបយើងបង្កើតឱ្យមានកិច្ចប្រជុំនេះឡើង ដើម្បីរិះរកគ្រប់មធ្យោ បាយ ដើម្បីឈានទៅរកការកាត់ផ្តាច់ឱ្យបាននូវការរីករាលដាលនៃជំងឺកូវីដ-១៩មេរោគបំប្លែងថ្មី ប្រភេទដែលតា (Delta) នេះ៕

ដោយសួស សំរិត

You do not have permission to write comment on this post.

Log in Register