ការប្រកួតលីគកំពូលកម្ពុជា ២០២១ ផ្លាស់ប្តូររូបមន្តនៅជើងទី២

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១–គណ:កម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានសម្រចផ្លាស់ប្តូររូបមន្ត នៃការប្រកួតលីគកំពូលកម្ពុជា រដូវកាល ២០២១ ជើងទី២ ពីការប្រកួតសន្សំពិន្ទុសុទ្ធ ទៅជាការជ្រើសរើសយកត្រឹម៨ក្រុម (Top 8) លើកំពូលតារាង ដើម្បីប្រជែងជើង ឯក ខណ:៥ក្រុមខាងក្រោមប្រជែងឱ្យផុតពីតំបន់កាត់ចោល (១ក្រុម)។

ការសម្រេចផ្លាស់ប្តូរនេះ នឹងគិតត្រឹមក្រោយបញ្ចប់ការប្រកួតជើងទី១ ហើយក្រោយបញ្ចប់ជើងទី១ គឺ៨ក្រុមខាងលើតារាងនឹងត្រូវជ្រើសរើសប្រកួតប្រជែងជើងឯក ខណ:៥ក្រុមខាងក្រោមប្រឹងប្រែង ដើម្បីរក្សាខ្លួនឱ្យនៅតំបន់សុវត្ថិភាព ដោយ១ក្រុមបាតតារាងត្រូវកាត់ចោលទម្លាក់ទៅលីគទី២។

បច្ចុប្បន្ន ការប្រកួតលីគនេះ សម្រាកត្រឹមសប្តាហ៍ទី១១ ដោយ៦ក្រុមលេងបាន១០ប្រកួត ខណៈ៧ក្រុមផ្សេងទៀតទើបនឹងលេងបាន ៧ប្រកួត ខ្លះលេងបាន ៨ប្រកួត និងខ្លះទៀតលេងបាន ៩ប្រកួត ។

សូមបញ្ជាក់ថា នេះជាការផ្លាស់ប្តូររូបមន្តប្រកួតជាលើកទី២ ដូចរដូវកាល ២០២០ដែរ ដែលនោះការប្រកួតត្រូវបានបែងចែកជា២ក្រុម សម្រាប់ជើងទី២ដូចគ្នា។ ការផ្លាស់ប្តូរនេះត្រូវបានចាត់ទុកថាជាភាពចាំបាច់ដោយសារស្ថានភាព ប្រែប្រួលបច្ចុប្បន្ន នៃការរីករាលដាលជំងឺកូវីដ-១៩ ដោយការពន្យារពេលក្នុងវិបត្តិជំងឺកូវីដ-១៩នេះ បានធ្វើឱ្យការប្រកួតជាច្រើនត្រូវបានពន្យារពេលជាបន្តបន្ទាប់ ហើយក៏ធ្វើឱ្យវេលានៃគម្រោងកម្មវិធីប្រកួតកាន់តែខ្លីទៅៗ ​និងមិនអាចប្រើប្រាស់រយៈពេលពេញចំនួន១៣ ទៅ១៤សប្តាហ៍ សម្រាប់ការប្រកួតនៅជើងទី២បានឡើយ៕

ដោយហេង ណាលីន

You do not have permission to write comment on this post.

Log in Register