ក្រសួងការងារ តម្រូវឱ្យម្ចាស់រោងចក្រ សហគ្រាស រៀបចំធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ ចំពោះកម្មករនិយោជិតទាំងអស់ ឱ្យបានមុនថ្ងៃទី១០ ខែកញ្ញា

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ — ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានតម្រូវឱ្យម្ចាស់រោងចក្រសហ គ្រាស​ផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែងជើង និងផលិតកាបូប​ ត្រូវរៀងចំការធ្វើតេស្តរហ័ស រកមេរោគកូវីដ១៩ ចំពោះកម្មករនិយោជិតទាំងអស់ ឱ្យបាន២ដង មុនដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១។

ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញ សេចក្តីណែនាំពីការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាមរោងចក្រ សហគ្រាសនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ថា ដោយបានលើកឡើង ថា យោងសារាចរណែនាំរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ស្តីពីវិធានការ នៃការរួមចំណែកកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ-១៩ និងចូលរួមអនុវត្ត ន៍ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ស្របតាមស្មារតី នៃយុទ្ធនាការថ្នាក់ជាតិ ក្រោមប្រធានបទ “រួមគ្នាទទួលខុសត្រូវ ទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩- របស់អនុគណៈកម្មការ អប់រំ បណ្ដុះ បណ្ដាល និងទំនាក់ទំនងសាធារណៈ ជាពិសេសចូលរួមចំណែកប្រយុទ្ធ និងទប់ស្កាត់ការ រីករាលដាលទ្រង់ទ្រាយធំនៃជំងឺកូវីដ-១៩ បណ្តាលមកពីមេរោគបំប្លែងថ្មី ប្រភេទដែលតា (Delta) នៅតាមរោងចក្រ សហគ្រាស ក្រសួងសូមណែនាំដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ជាពិសេសផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតកាបូប អនុវត្តន៍ដូចជាត្រូវរៀបចំធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ដល់កម្មករនិយោជិតទាំងអស់ ឱ្យបានយ៉ាងតិច២ដង មុនថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១។  អាច បញ្ហាទិញឧបករណ៍ តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ក្នុងតម្លៃដើមតាមក្រសួងប្រៃសលីយ៍ និងទូរគមនាគមន៍ ឬប្រភពស្របច្បាប់នានា។

ក្រសួងបន្តថា ក្នុងករណីរកឃើញកម្មករនិយោជិតណាមានវិជ្ជមានកូវីដ-១៩ តាម រយៈការធ្វើតេស្តរហ័សនេះ ឬមានអាការៈសង្ស័យ ត្រូវរាយការណ៍ទៅលេខទូរស័ព្ទទាន់ ហេតុការណ៍របស់ក្រសួងសុខាភិបាល ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងទៅ ក្រសួង សុខាភិបាលតាមរយៈលេខទូរស័ព្ទ៖ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨។

 ត្រូវបន្តណែនាំដល់កម្មករនិយោជិតឱ្យបន្តអនុវត្តន៍វិធានអនាម័យ សុវត្ថិភាព និងសុខភាព ការងារនៅកន្លែងធ្វើការ និងអនុវត្តន៍វិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានហ្មត់ចត់ និងត្រឹមត្រូវ ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ការធ្វើអនាម័យ ដើម្បីសម្លាប់មេរោគ ការវាស់កម្ដៅ ការស្កេន QR Code ជាពិសេសប្រកាន់ខ្ជាប់ជានិច្ចនូវ វិធានការ “៣ការពារ និង៣កុំ” របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី។

ជាមួយគ្នានោះដែរ ក្រសួងក៏បានលើកឡើងថា ក្រោយថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ត្រូវបន្តអនុវត្តន៍ការធ្វើតេស្តជាប្រចាំលើមុខសញ្ញាកម្មករនិយោជិត ដែលបានឯកភាពគ្នា ក្នុងកិច្ចប្រជុំគណៈកម្មការប្រឹក្សាការងារ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយក រោងចក្រ សហគ្រាស នឹងអនុវត្តន៍តាមខ្លឹមសារសេចក្ដីណែនាំឱ្យបានត្រឹមត្រូវ និងមាន ប្រសិទ្ធភាពខ្ពស់ក្នុងការចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា៕

ដោយ អ៊ាង ប៊ុនរិទ្ធ

You do not have permission to write comment on this post.

Log in Register