កសិករ៤០គ្រួសារបានស្ម័គ្រចិត្តចូលរួមផលិត​ «ស្រូវមិត្តក្រៀល »នៅតំបន់ការពារទេសភាពអន្លង់ព្រីង

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១–ប្រភពពី អង្គការ NatureLife Cambodia បានឱ្យដឹងនៅថ្ងៃ៩កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី១៧ ខែសីហា ឆ្នាំ២០២១ថា គម្រោងសាកល្បង «ស្រូវមិត្តក្រៀល» សម្រាប់សហគមន៍នៅតំបន់ការពារទេសភាពអន្លង់ព្រីង បានឈានដល់ដំណាក់កាល ចុះវាស់វែងដីធ្លីរបស់កសិករដែលបានស្ម័គ្រចិត្តចូលរួមសហការជាមួយគម្រោងនេះហើយ។
ប្រភព:ដដែលបានបញ្ជាក់ទៀតថា កាលពីថ្ងៃទី០៩ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ កន្លងទៅនេះ យើងបានចុះវាស់វែងដីស្រែរបស់សមាជិកកសិករ ដែលបានចូលរួមក្នុងការផលិតស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ នៅភូមិកោះចំការ និងភូមិជ្រេស ក្រោយពីបានវាស់វែងរួចយើងនឹងចេញប័ណ្ណសម្គាល់ជូន គ្រួសារដែលបានស្ម័គ្រចិត្តចូលជាសមាជិក។ មកដល់ពេលនេះមានកសិករប្រមាណជា៤០គ្រួសារ បានស្ម័គ្រចិត្តចូលរួមផលិតស្រូវមិត្តក្រៀល ដែលមាន១២លក្ខណៈវិនិច្ឆ័យ ។ នេះគឺជាឆ្នាំដំបូងសម្រាប់សហគមន៍នៅតំបន់ការពារទេសភាពអន្លង់ព្រីង ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត ។ យើងសង្ឃឹមថានឹងមានកសិករច្រើនទៀតចូលរួមក្រោយឃើញអត្ថប្រយោជន៍ដែលទទួលបានពីកម្មវិធីនេះ។ «ស្រូវមិត្តក្រៀល» គឺជាកសិផលដែលគិតគូរពីប្រព័ន្ធអេកូឡូស៊ី ជាប្រភពចំណីបន្ថែមដល់សត្វក្រៀល និង ជាអង្ករសុវត្ថិភាពដល់មនុស្ស។ បរិភោគអង្ករមិត្តក្រៀល គឺដើម្បីសុខភាពអ្នកនិងចូលរួមអភិរក្សសត្វក្រៀលកុំឱ្យផុតពូជ។

គម្រោង«ស្រូវមិត្តក្រៀល»នៅតំបន់ការពារទេសភាពអន្លង់ព្រីង សហការអនុវត្តន៍ដោយអង្គការជីវិតធម្មជាតិនៅកម្ពុជា ក្រសួងបរិស្ថាន អង្គការBird Life និង អង្គការក្រុមការងារអភិវឌ្ឍន៍ជនបទកម្ពុជា ក្រោមជំនួយមូលនិធិ ពី KNCF ដែលបានឧបត្ថមថវិកាដល់សកម្មភាពនេះ៕

ដោយ ណយ នឿន (ប្រភពៈ អង្គការ Nature Life Cambodia)

You do not have permission to write comment on this post.

Log in Register