លោកជំទាវវេជ្ជបណ្ឌិតលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ពន្យល់ពាក់ព័ន្ធនឹងប្រតិកម្មមួយចំនួន បន្ទាប់ពីការចាក់ដូសទី៣រួច

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ –ក្នុងឱកាសបន្តនាំយកអំណោយដ៏ថ្លៃថ្លាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់លោកតា លោកយាយ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅទូទាំងប្រទេស លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ (គ.វ.ក១៩) ក្នុងក្របខណ្ឌទូទាំងប្រទេស បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ នេះថា រាល់ការចាក់វ៉ាក់សាំង និងគ្រប់ប្រភេទនៃវ៉ាក់សាំង គឺតែងតែមានប្រតិកម្មឆ្លើយតបតិចឬច្រើន ហើយការដែលមានប្រតិកម្មនេះ ក៏អាស្រ័យទៅលើប្រភេទនៃវ៉ាក់សាំងនីមួយៗផងដែរ។

លោកជំទាវបានពន្យល់បន្ថែមថា ៖ “វ៉ាក់សាំងដែលយើងប្រើប្រាស់សម្រាប់ជាដូសជំរុញនេះ គឺជាប្រភេទអាស្រ្តាហ្សេនីកា ដែលជាអំណោយរបស់ចក្រភពអង់គ្លេស និងជប៉ុន ហើយប្រភេទវ៉ាក់សាំងមួយចំនួនគឺប្រើប្រភេទ Viral Vector ដែលមានន័យថា ប្រើប្រាស់នូវវីរុស ដើម្បីអភិវឌ្ឍឱ្យក្លាយជាវ៉ាក់សាំង ហេតុដូច្នេះហើយប្រតិកម្មរបស់វាក៏ត្រូវតែមានផងដែរ។ ការមានប្រតិកម្មដូចជា ក្តៅខ្លួន ឈឺក្បាល ឈឺមួយចំហៀងខ្លួន ហើយមានអ្នកខ្លះរហូតដល់ក្អួត ដែលនេះជាប្រតិកម្មធម្មតារបស់វ៉ាក់សាំងនោះទេ ដូច្នេះសូមបងប្អូនកុំមានការព្រួយបារម្ភឱ្យសោះ ហើយប្រតិកម្មទាំងនេះបង្ហាញថា វ៉ាក់សាំងកំពុងតែធ្វើការជាមួយសរីរាង្គរបស់យើងហើយ ហើយសរីរាង្គរបស់យើងកំពុងតែធ្វើការជាមួយវ៉ាក់សាំងវិញ ប៉ុន្តែប្រតិកម្មទាំងនេះនឹងបាត់ទៅវិញក្នុងពេលមួយថ្ងៃ ឬបីថ្ងៃប៉ុណ្ណោះ”។

លោកជំទាវបានបន្ថែមផងដែរថា វ៉ាក់សាំង និងសរីរាង្គ ឬក៏កោសិការបស់មនុស្សនឹងចាប់ផ្តើមបង្រៀនគ្នា និងស្គាល់គ្នា ហើយបើថ្ងៃក្រោយមានវីរុសកូវីដ-១៩ ចូលមកក្នុងសរីរាង្គនោះ កោសិកានឹងទប់ទល់វីរុសនេះភ្លាម។

ក្នុងឱកាសនោះផងដែរ លោកជំទាវវេជ្ជបណ្ឌិតក៏បានសម្តែងនូវការអបអរសាទរសម្រាប់ដំណើរបេសកកម្មមនុស្សធម៌របស់សម្តេចតេជោ លើកនេះ ដោយមានការចូលរួមពីលោកស្រីវេជ្ជបណ្ឌិត លី អាយលែន (Li Ailan) តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ដែលលោកស្រីវេជ្ជបណ្ឌិត មានបំណងចង់ចូលរួម និងស្វែងយល់បន្ថែមទៀត ហើយក៏ចង់ជួបដោយផ្ទាល់ផងដែរជាមួយលោកតាលោកយាយ ជាពិសេសគឺការចាក់វ៉ាក់សាំងដល់ក្រុមបុគ្គលវ័យចាស់ជរានេះតែម្តង ហើយលោកស្រីវេជ្ជបណ្ឌិត ក៏បានសម្តែងនូវការអបអរសាទរជាមួយរាជរដ្ឋាភិបាលចំពោះយុទ្ធនាការនេះ ដែលមិនត្រឹមតែចាក់វ៉ាក់សាំងតែមួយមុខ និងការស្ម័គ្រចិត្តនោះទេ គឺមានវ៉ាក់សាំងសម្រាប់ចាក់ផងដែរ ហើយដែលពិសេសមួយទៀតនោះ ក្រុមការងារ គ.វ.ក១៩ ក៏បានជួបលោកតា និងលោកយាយដែលជាប្តីប្រពន្ធ រស់នៅខេត្តត្បូងឃ្មុំនៅពេលនេះ ហើយដែលលោកតាមានវ័យ ១០១ឆ្នាំ និងលោកយាយមានវ័យ ១០៣ឆ្នាំ ហើយដែលបានចាក់វ៉ាក់សាំងគ្រប់ដូសរួចហើយ ដែលកន្លងមកគឺជួបតែលោកតា ឬលោកយាយប៉ុណ្ណោះ ហើយដែលគិតមកត្រឹមថ្ងៃនេះ មានលោកតាលោកយាយដែលមានអាយុ១០០ឆ្នាំឡើង ចំនួន ៥៧នាក់ហើយ ដែលបានទទួលអំណោយសម្តេចតេជោ។

ពាក់ព័ន្ធនឹងវឌ្ឍនភាព នៃការចាក់វ៉ាក់សាំងបង្ការវីរុសកូវីដ-១៩វិញ លោកជំទាវវេជ្ជបណ្ឌិត បានមានប្រសាសន៍ថា ៖ “ការងារចាក់វ៉ាក់សាំងគឺបាន និងកំពុងដំណើរការយ៉ាងរលូន ហើយក៏នៅក្នុងល្បឿនមួយដ៏លឿនផងដែរ ដែលនឹងខិតទៅរក ១០លាននាក់ក្នុងពេលដ៏ឆាប់ៗខាងមុខនេះ ហើយក្រុមដែលមានវ័យពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ក៏ដូចគ្នា ហើយបើជាសរុបនៃប្រជាជនទូទាំងប្រទេសដែលមានប្រមាណ ១៦លាននាក់នោះ គឺយើងសម្រេចចាក់បាន ៥៧,៩៥% ហើយៗនេះគឺជាតួលេខមួយ ដែលយើងទាំងអស់គ្នាគួរតែមានមោទកភាព ហើយក៏បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ណាស់របស់សម្តេចតេជោ ពាក់ព័ន្ធនឹងរឿងវ៉ាក់សាំងនេះ”។

សម្រាប់ដូសទី៣ ឬដូសជំរុញវិញ គឺរហូតមកទល់ពេលនេះ សម្រេចចាក់បានប្រមាណជិត៥០ម៉ឺនហើយ ហើយនេះក៏ជាវឌ្ឍនភាពផងដែរ ដោយគ.វ.ក១៩ រំពឹងថានឹងចាក់ដូសទី៣នេះទៅដល់គ្រប់ក្រុមគោលដៅទាំងអស់ក្នុងរង្វង់ខែតុលា ឬខែវិច្ឆិកាយ៉ាងយូរ។

ពាក់ព័ន្ធនឹងដូសទី៣នេះដែរ ក្នុងឱកាសនាំយកជំនួយជាថវិកាចំនួន ២០ម៉ឺនដុល្លារអាម៉េរិក និងឧបករណ៍វេជ្ជសាស្ត្រមួយចំនួនរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនរដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ឱ្យដឹងផងដែរថា ការចាក់ដូសទី៣ សម្រាប់ប្រជាពលរដ្ឋទូទៅនៅពេលនេះ រាជរដ្ឋាភិបាលមិនទាន់មានការសម្រេចនៅឡើយទេ ខណៈបច្ចុប្បន្ន មានតែការចាក់ចំពោះមន្ត្រីជួរមុខសិនតែប៉ុណ្ណោះ។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ៖ “កាលពីថ្ងៃម្សិលមិញ យើងបានប្រជុំពិភាក្សាគ្នា អំពីបញ្ហានេះហើយ ប៉ុន្តែមិនទាន់មានការសម្រេចដ៏ខ្ពង់ខ្ពស់ ពីរាជរដ្ឋាភិបាលនៅឡើយនោះទេ”៕

ដោយ ផែន រតនៈ

You do not have permission to write comment on this post.

Log in Register