អភិបាលខេត្តតាកែវ អញ្ជើញចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនកុមារ និងយុវវ័យ ចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ នៅស្រុកបូរីជលសា និងស្រុកទ្រាំង

Please log in or register to like posts.
ព័ត៌មាន

AKP តាកែវ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ — ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ រួមជាមួយលោក នុត​ ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ ព្រមទាំងលោក លោកស្រីប្រធាន អនុប្រធាន មន្ទីរអង្គភាពពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ ឆ្នាំដល់១៧ឆ្នាំ នៅក្នុងស្រុកបូរីជលសា និងស្រុកទ្រាំង ខេត្តតាកែវ កាលពីថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។

ឯកឧត្តម អ៊ូច ភា បានមានប្រសាសន៍ថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើ កុមារ និងយុវវ័យ កំពុងពន្លឿនលើការចាក់វ៉ាក់សាំងនេះ ខណៈដែលស្ថានភាពជំងឺកូវីដ១៩ ប្រភេទបំប្លែងថ្មីដែលតា(Delta)នេះ កំពុងយាយី និងឆ្លងចូលដល់សហគមន៍នៅតាមបណ្តា រាជធានីខេត្តផ្សេងៗនៅក្នុងប្រទេសកម្ពុជារបស់យើង ហើយថ្មីៗនេះសម្រាប់ខេត្តតាកែវ គឺយើងបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ បំប្លែងខ្លួនថ្មីប្រភេទ(Delta) លើពលករមកពី ប្រទេស ជិតខាងមានវិជ្ជមានម្នាក់ ក្នុងចំណោមពលករទាំង១២នាក់ ដែលយើង មានការសង្ស័យ។

ដូច្នេះការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ទាំងដូសជំរុញលើមនុស្សពេញវ័យ មនុស្សចាស់ និងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកុមារនិងយុវវ័យ គឺក្រុមគ្រូពេទ្យ ទូទាំងខេត្តតាកែវ បាន និងកំពុងមមាញឹកសម្រុកចាក់ស្របពេលជាមួយគ្នា។ ក្នុងនោះក៏ត្រូវ អនុវត្តន៍លើវិធានការសុខាភិបាលយ៉ាងតឹងរ៉ឹងបំផុត ដើម្បីចៀសវាងការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ដែលជាជំងឺដ៏កាចសាហាវមួយនេះ។

ឯកឧត្តម អ៊ូច ភា ក៏បានធ្វើការក្រើនរម្លឹកផងដែរទៅដល់ក្មួយៗ ដែលបានមកទទួល ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ទាំងអស់ ត្រូវតែបន្តការសិក្សាឈ្វេងយល់បន្ថែមលើការ អានសៀវភៅមេរៀន និងអនុវត្តន៍លំហាត់មួយចំនួនជាមួយគ្រូបង្រៀនតាមរយៈអនឡាញ ដោយមិនត្រូវយកពេលទំនេរទៅចំណាយពេលធ្វើរឿងឥតប្រយោជន៍នោះទេ។ ម៉្យាងវិញ ទៀតក្រោយពេលដែលក្មួយៗបានចាក់វ៉ាក់សាំងដូសទី១រួចហើយ ត្រូវបន្តចាក់ដូស ទី២ទៀត។ សូមក្មួយៗចូលរួមអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេស ត្រូវអនុវត្តន៍តាមវិធានការ ៣កុំ ៣ការពារឱ្យបានត្រឹមត្រូវ ដើម្បីយើងរួមគ្នាប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ កុំឱ្យឆ្លងរាលដាលក្នុងសហគមន៍របស់យើងតទៅទៀត។

លោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវបានឱ្យដឹងថា គិត ត្រឹមថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ក្រុង ស្រុក ដែលបាន បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ១៩ ទៅដល់កុមារ និងយុវវ័យ ដែលមានអាយុ ចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ ទូទាំងខេត្តតាកែវ គឺសម្រេចអនុវត្តន៍ការចាក់វ៉ាក់សាំង ការពារ ជំងឺកូវីដ១៩ បានចំនួន ៥៨ ៦២៣នាក់ ស្រី២៨ ៩៣០នាក់​ (ប្រហែល ៤៥ភាគរយ) ហើយក្នុងចំណោមកុមារ និងយុវវ័យ ដែលត្រូវចាក់វ៉ាក់សាំងសរុបជាង១២ម៉ឺននាក់៕

ដោយ អ៊ុច សៀង

You do not have permission to write comment on this post.

Log in Register