កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ សម្រេចបាន ១០០ភាគរយហើយ ដែលគ្រោងនឹងធ្វើពិធី​ប្រគល់-ទទួលនាខែតុលាឆ្នាំ២០២១នេះ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ — កីឡដ្ឋានធំ (Main Stadium) នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិ​​បាល​ចិនបានសាងសង់រួចរាល់ ១០០ភាគរយហើយ ស្របពេលដែលគម្រោងពិធីប្រគល់ និងទទួលសមិទ្ធផល​សំណង់កីឡាជាប្រវត្តិសាស្ត្រនេះគ្រោងធ្វើឡើងនៅខែតុលា ឆ្នាំ២០២១។ នេះជាការបញ្ជាក់ជូនពីឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។

ឯកឧត្តមអគ្គលេខាធិការមានប្រសាសន៍ថា ក្រោយពីទទួលបានការអនុញ្ញាតពីឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC ដើម្បីចុះពិនិត្យស្ថាន​ភាពមួយ​ចំនួន នៃការត្រៀមរៀបចំការបោះជំរុំហ្វឹកហាត់ក្រុមជម្រើសជាតិទ្រង់ទ្រាយធំ នៅពហុកីឡដ្ឋានជាតិមរតក​តេជោ ពិសេសពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធលម្អិត ទាំងក្នុង និងក្រៅជុំវិញពហុកីឡដ្ឋានដ៏ធំស្កឹមស្កៃ។​ឯកឧត្តម វ៉ាត់ ចំរើន បានបន្ថែមថា «ក្រោយពីបានដើរពិនិត្យជុំវិញអស់ហើយ ឃើញថាពហុកីឡដ្ឋាន​ជាតិ​មរតកតេជោមានលក្ខណៈបច្ចេកទេសស្របតាមស្ដង់ដារអន្ដរជាតិ ដោយមានការរៀបចំតាមលំដាប់​​លំដោយ មានសណ្ដាប់ធ្នាប់ល្អគ្រប់កន្លែង ទាំងបន្ទប់ កន្លែងបច្ចេកទេស និងកន្លែងផ្សេងៗទៀត បានបែង​ចែកត្រឹមត្រូវ សូម្បីច្រកចេញ-ចូល ពោលគឺត្រូវនឹងស្ដង់ដារពហុកីឡដ្ឋានជាតិអន្ដរជាតិ ដែលអាចទទួល​រៀបចំកម្មវិធី និងការប្រកួតបានគ្រប់កម្រិត ទាំងថ្នាក់ជាតិ និងអន្ដរជាតិពីលំដាប់ទាប​ដល់លំដាប់​ខ្ពស់​បំផុត»។ ឯកឧត្ដមបានលើកឡើងថា ជាទូទៅពិនិត្យឃើញថា ពហុកីឡដ្ឋានជាតិមរតកតេជោពេលនេះ គឺចប់សព្វគ្រប់ ១០០ភាគរយហើយ ដូចយើងបានដើរមើល គឺនៅតែការតុបតែង កែលម្អតិចតួចប៉ុណ្ណោះ  ព្រោះធម្មតាសំណង់ធំស្កឹមស្កៃបែបនេះ យើងត្រូវការជួសជុលតិចតួចបន្ថែម។ ប៉ុន្ដែជារួម សំណង់ទូទៅ ទីលានទូទៅ បន្ទប់ទូទៅ ប្រព័ន្ធភ្លើង ប្រព័ន្ធទឹក គឺរួចអស់ហើយ។ ទន្ទឹមនេះ យើងកំពុងតែពិនិត្យ​មើល​លទ្ធភាព និងពេលវេលា ហើយខាងក្រុមហ៊ុនសាងសង់ចិន ក៏បានដកកម្មករជំនាញទៅវិញបណ្ដើរៗ ហើយត្រៀមរៀបចំបណ្ដុះបណ្ដាលកម្មករខ្មែរ ជំនាញការខ្មែរ និងវិស្វករខ្មែរ កំពុងរៀបចំបណ្ដើរៗ រហូត​ដល់​ថ្ងៃប្រគល់ និងទទួល ដែលតាមគម្រោង អាចក្នុងខែតុលា។

អគ្គលេខាធិការរូបនេះសង្កត់ធ្ងន់ថា «ប៉ុន្ដែជាទូទៅគណៈកម្មការពិនិត្យបច្ចេកទេស ទាំងភាគីចិន ស្ថានទូតចិននៅកម្ពុជា ក៏ដូចគណៈកម្មការត្រួតពិនិត្យដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន គឺបាន​ឯកភាពគ្នាអស់ហើយ គឺថា សំណង់ទាំងមូល និងបច្ចេកទេស មានលក្ខណៈគ្រប់គ្រាន់អស់ហើយ ទាំង​ទីលានបាល់ទាត់ និងទីលានអត្តពលកម្ម មានគ្រប់ទាំងអស់ ស្របតាមស្ដង់ដារទាំងអស់។ នេះគឺជាសមិទ្ធ​ផលថ្មីមួយ ហើយយើងសង្ឃឹមថា យើងនឹងទទួលនូវមោទនភាពជាតិទាំងអស់គ្នា ចំពោះការទទួលបាននូវ​សមិទ្ធផលថ្មីដ៏មហាសាល ក្នុងសម័យតេជោពេលនេះ»។

ជាមួយគ្នានេះ ការសាងសង់រួចរាល់នូវសំណង់ប្រវត្តិសាស្ដ្រនេះ គណៈកម្មាធិការជាតិ CAMSOC ក៏កំពុងរៀបចំកម្មវិធី និងស្នើសុំប្រមុខរាជរដ្ឋាភិបាល ដើម្បីពិនិត្យលទ្ធភាពក្នុងការរៀបចំពិធីប្រគល់ និង​ទទួលពហុកីឡដ្ឋានជាតិមរតកតេជោ ជាមួយភាគីចិន ដើម្បីអបអរសាទរមរតកដ៏អស្ចារ្យនេះ។ បន្ទាប់​មក​ស្ដាតថ្មីនេះ នឹងអាចទទួលរៀបចំការប្រកួតអន្ដរជាតិបាន ដូចជាការដាក់បេក្ខភាព​ដេញថ្លៃ​ធ្វើម្ចាស់ផ្ទះ AFF Suzuki Cup 2021 នាខែធ្នូ និងការប្រកួតជាច្រើនទៀត ពិសេសដើម្បីជំរុញការផ្សព្វផ្សាយ និងការត្រៀមធ្វើ​ម្ចាស់ផ្ទះការប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា៕

ដោយ ហេង ណាលីន

You do not have permission to write comment on this post.

Log in Register