បទយកការណ៍៖ ការជួសជុលស្រះទឹកខាងជើង នឹងរួមចំណែកបង្កើនភាពទាក់ទាញរបស់អង្គរ

Please log in or register to like posts.
ព័ត៌មាន

AKP សៀមរាប ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ — អង្គរវត្តជាប្រាសាទដ៏ល្អឯក និងជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលធ្វើឱ្យភ្ញៀវ ទេសចរបរទេសនៅទូទាំងពិភពលោកចង់មកទស្សនាកម្សាន្ត និងសិក្សាឈ្វេងយល់។ ក្រៅពីតួប្រាសាទដ៏អស្ចារ្យ បរិវេណនៅជុំវិញ ជាពិសេសស្រះទឹកទាំងពីរ ក៏ជាចំណែកមួយដ៏ សំខាន់ក្នុងការធ្វើឱ្យប្រាសាទអង្គរវត្តកាន់តែមានភាពទាក់ទាញផងដែរ។

លោក ស្រ៊ុន តិច បុរាណវិទូ នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ និងជាប្រធានគម្រោងជួសជុលរចនាសម្ព័ន្ធកាំជណ្តើរច្រាំងស្រះទឹក ខាងជើង បានឱ្យដឹងថា ស្រះទឹកខាងជើង ជារចនាសម្ព័ន្ធមួយនៃប្លង់ស្ថាបត្យកម្ម ប្រាសាទ អង្គរវត្ត ដែលទាក់ទាញអារម្មណ៍ភ្ញៀវទេសចរជាតិ និងបរទេស ក្នុងការផ្តិតរូបភាពឆ្លុះ នៃប្រាង្គអង្គរវត្តដ៏ស្រស់ស្អាតពីស្រះទឹកនេះ។

ប៉ុន្តែកាំជណ្តើរច្រាំងនៃស្រះនេះបានរងការខូចខាតគឺ ដោយកត្តាអាយុកាល ទឹកភ្លៀងហូរច្រោះគ្រឹះ កម្ពស់ទឹកក្នុងស្រះមិនទៀងទាត់ លក្ខខណ្ឌបរិយាយកាសក្តៅហើយ សើម រុក្ខជាតិដុះជុំវិញ និងសកម្មភាពដើរជាន់ពីលើរបស់អ្នកទេសចរ។

លោកបន្តថា ដើម្បីលើកតម្លៃស្រះទឹកខាងជើង ដែលជាចំណែកធ្វើឱ្យអង្គរវត្ត កាន់តែមានភាពទាក់ទាញ នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ កំពុងធ្វើការជួសជុលកាំជណ្តើរច្រាំងស្រះទឹកខាងជើងនេះ ដោយចាប់ផ្តើមធ្វើការស្រាវជ្រាវ ផ្នែកបុរាណវិទ្យា និងជួសជុលតាំងពីឆ្នាំ២០១៨មក។

បើតាមអ្នកជំនាញ ដំណើរការជួសជុលស្រះខាងជើង បានជួបប្រទះបញ្ហាប្រឈមខ្លះៗ ដោយថ្មភក់មានសភាពពុកផុយ ដោយសារត្រាំក្នុងទឹក ដែលជាលក្ខខណ្ឌមិនល្អសម្រាប់ ភាពរឹងមាំរបស់ថ្មភក់។ ផលវិបាករបស់ក្រុមការងារនោះ គឺយើងត្រូវធ្វើការពិចារណា និងវិភាគលើភាពរឹងមាំរបស់ថ្ម។ ពិសេស តម្លៃដើមនៃថ្មភក់ បច្ចេកទេសបង្គុំថ្ម និងទម្រង់ប្លង់ស្ថាបត្យកម្ម។ ក្រោយពេលការជួសជុលលើកតម្លៃរួចរាល់ហើយ សំណង់ស្រះទឹកនេះនឹងមានតម្លៃពេញលេញ រួមចំណែកលើកកម្ពស់ភាពទាក់ទាញរបស់ ប្រាសាទអង្គរវត្ត ឱ្យសាកសមជាសម្បត្តិបេតិកភណ្ឌពិភពលោក។

បច្ចុប្បន្ននេះ ក្រុមការងារកំពុងដំណើរការជួសជុលពង្រឹងក្នុងដំណាក់កាលទី៣នេះ បានប្រវែង១០០ម៉ែត្រ ក្នុងប្រវែងសរុប២៥០ម៉ែត្រ។  ចំណែកនៅសេសសល់ ក្រុមការងារគ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៣ខាងមុខ បើមិនមានជួបប្រទះបញ្ហាប្រឈម ណាមួយនោះទេ មុននឹងបន្តទៅគម្រោងលើកតម្លៃស្រះទឹកខាងត្បូងទៀត។

សូមបញ្ជាក់ថា ស្រះទឹកខាងជើងនៃប្រាសាទអង្គរវត្ត ធ្លាប់មានប្រវត្តិជួសជុល កាលពីឆ្នាំ១៩២២ ម្តងហើយ ដោយលោក ហង់រី ម៉ាកហ្សាល់ ដោយគាត់បានកែលម្អ និងលើកថ្មឱ្យមានទម្រង់ចេញជារូបរាងស្រះ៕

ដោយ ឃុត សៅ

You do not have permission to write comment on this post.

Log in Register