កម្ពុជាកំពុងបន្តជំរុញការផ្សព្វផ្សាយ គុនល្បុក្កតោ ទៅកាន់ឆាកអន្តរជាតិ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ –កីឡាគុនល្បុក្កតោ ដែលជាមរតកក្បាច់គុនរបស់បុព្ធបុរសខ្មែរនៅតែត្រូវបានបន្តអភិរក្ស និងអភិវឌ្ឍន៍វិស័យនៅក្នុងក្របខ័ណ្ឌជាតិយ៉ាងខ្លាំងក្លា ហើយជាមួយគ្នានោះកម្ពុជាក៏កំពុងបញ្រ្ជាបការផ្សព្វផ្សាយទៅកាន់ពិភពលោកបន្ថែម។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាលើកឡើងកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ថា នៅក្នុងគោលដៅរបស់យើងពីពេលកន្លងមករហូតដល់ឆ្នាំ២០៣០ គឺថាមហិច្ឆតាអភិវឌ្ឍន៍ និងអភិរក្សវិស័យកីឡាគុនល្បុក្កតោទៅលើឆាកអន្តរជាតិ ដោយយើងកំពុងបង្កើនគុណភាពគ្រូបង្គោលរបស់កម្ពុជាឱ្យមានសមត្ថភាពឱ្យរឹងមាំសិន ពីព្រោះថា គ្រូបង្គោលដែលចេញទៅផ្សព្វផ្សាយ និងបង្ហាត់បង្រៀន នៅក្រៅប្រទេស មិនត្រឹមតែចេះក្បាច់គុនរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែចេះភាសាអង់គ្លេសឱ្យបានច្បាស់លាស់ផងដែរ។ ឯកឧត្តមបន្តថា គណៈកម្មាធិការអូឡាំពិកអន្តរជាតិបានកំណត់បង្ហាញថា កីឡា១ប្រភេទដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិត្រូវបានការគាំទ្រចាប់ពី៧៥ ប្រទេសឡើងទៅ។ ដូច្នេះគុនល្បុក្កតោក៏ត្រូវអនុវត្តតាមគោលការណ៍នេះដែរ ដើម្បីទទួលបានការគាំទ្របន្ថែមទៀត នាថ្ងៃអនាគត។

បច្ចុប្បន្ន គុនល្បុក្កតោ ដែលមានក្លឹបហ្វឹកហាត់នៅក្រៅប្រទេសមានត្រឹមតែ៦ប្រទេសប៉ុណ្ណោះ ដោយមិនទាន់ជ្រួតជ្រាបទូលំទូលាយនៅលើឆាកអន្តរជាតិនៅឡើយទេ។ ប្រសិនបើយើងអាចរៀបចំការប្រកួតគុនល្បុក្កតោជើងឯកពិភពលោក រៀងរាល់ឆ្នាំបាន នោះការអភិវឌ្ឍវិស័យកីឡាគុនល្បុក្កតោឱ្យទទួលបានការគាំទ្រជាអន្តរជាតិ៧៥ប្រទេស គឺត្រូវការរយៈពេល ២០ឆ្នាំ។ ឯកឧត្តមបានបញ្ជាក់ថា “នេះជាមហិច្ឆតានៃគោលដៅរបស់យើង ដែលត្រូវតែខិតខំដើរឱ្យទៅដល់កម្រិតពិភពលោកបែបនេះ ប៉ុន្តែយើងត្រូវរៀបចំឱ្យគុនល្បុក្កតោមានពុម្ព ឬក្បួនខ្នាតស្តង់ដាតែមួយ ដោយមិនមែនត្រឹមតែគោលដៅដាក់បញ្ជូលកីឡាគុនល្បុក្កតោត្រឹមតំបន់អាស៊ាន ជាពិសេសគឺស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែយើងនឹងបន្តជំរុញបញ្ជូលក្បាច់គុនព្រលឹងជាតិខ្មែរមួយនេះឱ្យឈានដល់កម្រិតទ្វីបអាស៊ី នាថ្ងៃអនាគត ដែលពេលនោះហើយដែលបណ្តាប្រទេសទាំង៤៥នៃទ្វីបអាស៊ីហើយយើងនឹងបន្តសម្រួចគោលដៅរបស់យើងទៅក្នុងកម្រិតពិភពលោក”។  ឯកឧត្តមអគ្គលេខាធិការបង្ហាញនូវឆន្ទៈថា ដូចជាប្រភេទកីឡាតេក្វាន់ដូ ការ៉ាតេ ជាដើមត្រូវបាន ម្ចាស់ក្បាច់គុនទាំងនោះរុញឱ្យដល់កម្រិតពិភពលោកបាន ហេតុអ្វីកម្ពុជាយើងក៏មិនអាចសម្រួចឱ្យដល់គោលដៅធំបែបនេះបាន ដែលទាំងអស់នេះ គឺជាសំណួរឱ្យកូនខ្មែរយើង ដាស់តឿនស្មារតីកូនខ្មែរយើងនាំគ្នាដាក់គោលដៅរុញប្រភេទកីឡាគុនល្បុក្កតោឱ្យដល់កម្រិតអូឡាំពិក ដោយកាលណាប្រភេទកីឡាមួយឈានដល់ក្នុងកម្រិតអូឡាំពិកហើយគឺអ្វីៗទាំងអស់គឺល្អឥតខ្ចោះ និងមានភាពរឹងមាំ ក្នុងការថែរក្សាមរតកវប្បធម៌ក្បាច់គុនប្រពៃណីជាតិខ្មែរយើង នៅលើឆាកអន្តរជាតិបានហើយ។

ជាមួយគ្នានេះ បច្ចុប្បន្ន សហព័ន្ធកីឡាគុនល្បុក្កតោក៏មានគោលដៅអភិវឌ្ឍន៍ និងអភិរក្សក្បាច់គុនមួយនេះឱ្យក្លាយទៅការអប់រំស្មារតីដល់អ្នកហាត់គុននេះផងដែរ ដោយក្បាច់គុនមិនមែនសម្រាប់តែវាយតប់គ្នានោះទេ ប៉ុន្តែក្បាច់គុនគឺជាការបញ្ជ្រាបនូវស្មារតីព្រលឹងវប្បធម៌ អប់រំស្មារតីរបស់មនុស្ស ដោយគ្រោងនឹងបញ្ជូលទៅក្នុងកម្រិតការសិក្សាចំណេះទូទៅ និងគ្រោងបង្កើតក្លិបនៅតាមទីវត្តអារាមប្រមាណ២ម៉ឺនវត្តនៅទូទាំងប្រទេស។

សូមបញ្ជាក់ថា ក្បាច់គុនល្បុក្កតោធ្លាប់បានដាក់ស្នើទៅអង្គការយូណេស្កូ ជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិផងដែរ ប៉ុន្តែអង្គការយូណេស្កូបានបញ្ជូនត្រឡប់មកកម្ពុជាវិញ ដោយសារកម្ពុជាមិនទាន់បានបំពេញគ្រប់លក្ខណៈសម្បត្តិគ្រប់គ្រាន់ ឬមិនទាន់ធ្វើឱ្យក្បាច់គុននេះមានលក្ខណៈសហគមន៍ ក្នុងក្របខ័ណ្ឌជាតិ។ ប៉ុន្តែទោះយ៉ាងនេះ ក្តី ឯកឧត្តម វ៉ាត់ ចំរើន នៅតែមានក្តីសង្ឃឹមថា កម្ពុជានៅតែមានឱកាស ក្នុងការដាក់ស្នើ គុនល្បុក្កតោ ជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិ នាថ្ងៃអនាគតផងដែរ៕

ដោយ ហេង ណាលីន

You do not have permission to write comment on this post.

Log in Register