រដ្ឋបាលខេត្តប៉ៃលិន ប្រមូលទិញផ្លែមៀនប៉ៃលិនពីកសិករក្រីក្រ ដែលកំពុងជួបបញ្ហាទីផ្សារ នៅទូទាំងខេត្ត

Please log in or register to like posts.
ព័ត៌មាន

AKP ប៉ៃលិន ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ – ដោយអនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន កាលពីថ្ងៃទី១៩ខែសីហា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានជួយប្រមូលទិញផ្លែមៀនប៉ៃលិន (តាង៉ែន) ពីប្រជាកសិករក្រីក្រ ម្ចាស់ចំការផ្ទាល់ ដែលកំពុងជួបបញ្ហាទីផ្សារ នៅទូទាំងខេត្ត ដើម្បីយកមកចែកជូនដល់កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ និងក្រុមគ្រូពេទ្យជួរមុខ ព្រមទាំង ប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក និងកំពុងព្យាបាលជំងឺកូវីដ-១៩ នៅតាមមណ្ឌល។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះ ដោយគ្រោះមហន្តរាយ និងឧបទ្ទេហេតុផ្សេងៗនៅទូទាំងប្រទេសគ្រប់ពេលវេលា ដោយមិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ហើយជាក់ស្តែងនៅពេលនេះ លោកទាំងទ្វេបានអន្តរាគមន៍ជួយប្រមូលទិញផ្លែ មៀន ប៉ៃលិន (តាង៉ែន) ពីប្រជាកសិករក្រីក្រ ដែលកំពុងមានបញ្ហាទីផ្សារក្នុងបរិបទកូវីដ-១៩។

លោកជំទាវអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍បញ្ជាក់ថា ការជួយទិញផ្លែមៀនប៉ៃលិននេះ គឺទិញពីម្ចាស់ចំការក្រីក្រផ្ទាល់ ដោយមិនមែនកសិកដ្ឋាន ឬចំការរបស់មន្ត្រីទាំងស៊ីវិល ទាំងកងកម្លាំងប្រដាប់អាវុធ ឬរបស់ឧកញ៉ា អ្នកឧកញ៉ា ឬអ្នកជំនួញនោះទេ គឺត្រូវរកទីផ្សារដោយខ្លួនឯង ហើយផ្លែមៀនប៉ៃលិន ដែលបានជួយទិញពីកសិករនេះ គឺសម្តេចទាំងទ្វេមិនមែននាំយកទៅលក់នៅក្នុងទីផ្សារមួយណានោះទេ គឺនាំយកទៅធ្វើកម្មវិធីមនុស្សធម៌ ដូចជា៖ ចែកជូនដល់កម្លាំងគ្រប់ប្រភេទ មន្ត្រី និងក្រុមគ្រូពេទ្យជួរមុខ ពិសេសជូនដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក និងអ្នកជំងឺកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅតាមមណ្ឌលនានា។

លោកជំទាវ បាន ស្រីមុំ ក្នុងនាមអាជ្ញាធរខេត្ត និងជួសមុខឱ្យប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន ដែលជាម្ចាស់ចំការមៀន សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលបានជួយដោះស្រាយ ចំពោះបញ្ហាទីផ្សារផ្លែមៀននេះ ដល់ប្រជាកសិករក្រីក្រម្ចាស់ចំការស្របពេលដែលសេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់កំពុងជួបការលំបាក ដោយសារជំងឺរាតត្បាតកូវីដ-១៩ផង។

សូមបញ្ជាក់ថា៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តប៉ៃលិន បានប្រមូលទិញផ្លែមៀនប៉ៃលិន ពីប្រជាកសិករក្រីក្រម្ចាស់ចំការផ្ទាល់ ដែលកំពុងជួបបញ្ហាទីផ្សារ នៅទូទាំងខេត្ត សរុបចំនួន ១០តោន និងនៅបន្តទិញបន្ថែមទៀត ដើម្បីយកមកចែកជូន ដល់កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ និងក្រុមគ្រូពេទ្យជួរមុខ ព្រមទាំងប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក និងកំពុងព្យាបាលជំងឺកូវីដ-១៩ នៅតាមមណ្ឌល៕

ដោយ ៖ គង់ សិរីរ័ត្ន, ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

You do not have permission to write comment on this post.

Log in Register