មន្រ្តីជំនាញបសុព្យាបាលខេត្តសៀមរាបបង្ហាញថា ជំងឺដុំពកស្បែកគោ ក្របី គឺអាច​ព្យាបាល​ជា ហើយអត្រានៃងាប់តិច ប្រសិនម្ចាស់សត្វមើលថែបានល្អ

Please log in or register to like posts.
ព័ត៌មាន

AKP សៀមរាប ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ — នៅប៉ុន្មានថ្ងៃមកនេះ មានការលើកឡើងថា មានសត្វគោ ក្របី ជាច្រើននៅក្នុង​ខេត្ត​សៀម​រាប​បានកើតជំងឺដុំពកស្បែក ហើយព្រួយបារម្ភថា អាចធ្វើឱ្យសត្វគោ ក្របី របស់ប្រជា​ពលរដ្ឋងាប់ច្រើនធ្វើឱ្យប៉ះពាល់ជីវភាពរបស់ពួកគាត់។

ពាក់ព័ន្ធបញ្ហានេះ លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានដឹងនៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះថា ជំងឺដុំពកស្បែកគោ ក្របី នេះ គឺអាចព្យាបាលជាសះស្បើយ និងអាត្រាងាប់មានចំនួនតិចប្រសិនម្ចាស់សត្វបានមើលថែបានល្អ។ លោកបានលើកឡើង​ថា ដោយវិធីនៃការព្យាបាល គឺការពាទប់ស្កាត់ជំងឺឱកាសនិយម និងដំបៅរលួយ ករណី​សត្វ​ក្តៅខ្លួន អាចប្រើពពួកថ្នាំបញ្ចុះកំដៅ ជាៈPracetamole អាចប្រើពពួក Dexametasone, Amoxiciline, Chlorazone, Bactrim ករណីមានដំបៅប្រើថ្នាំខៀវ (Methylen blu) និង Negazun។  លោកបានបន្តថា គិតចាប់ពីថ្ងៃទី២៨ ខែឧសភា ដល់ថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០២១ សភាពជំងឺដុំពកស្បែកគោនៅក្នុងខេត្តសៀមរាបមានកើតឡើងរប៉េះរប៉ោះ នៅ​តាមតំបន់មួយចំនួនក្នុងខេត្តសៀមរាប ដែលមានសត្វឈឺសរុប៦៨៣ក្បាល ព្យាបាលជា ចំនួន៦៦៧ក្បាល កំពុងព្យាបាលចំនួន៤៧ក្បាល និងងាប់ចំនួន០៦ក្បាល។

ជាមួយគ្នានេះ មន្ត្រីបសុពេទ្យ អគ្គនាយកដ្ឋាន-ខេត្ត-ស្រុក-ភ្នាក់ងារសុខភាព​សត្វ​ភូមិ សហកាការជាមួយអាជ្ញាធរមូលដ្ឋានបានចុះធ្វើការផ្សព្វផ្សាយពីវិធានការការពារ អនាម័យទប់ស្កាត់ការឆ្លងរាលដាលជំងឺដល់កសិករម្ចាស់សត្វចំនួន ១ ២០០ គ្រួសារ និង​បានចុះបាញ់ថ្នាំសម្លាប់មេរោគតាមទ្រុងចិញ្ចឹមសត្វបានជាច្រើនកន្លែង និងផ្តល់បសុឱសថ សម្ភារ បរិក្ខារ បសុពេទ្យដល់ភ្នាក់ងារសុខភាពសត្វភូមិតាមបណ្តាស្រុក​សម្រាប់ជួយ​ដល់​ប្រជាពលរដ្ឋផងដែរ។

លោក ព្រំ វិច ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានសត្វគោ ក្របី ឈឺ ឬងាប់ ហាមលក់ដូរ ហាមយកសាច់របស់វាទៅបរិភោគ ព្រោះវាអាចធ្វើឱ្យប៉ះពាល់ដល់ផលិតកម្ម​សត្វ ហើយនៅពេលពេទ្យសត្វចុះទៅចាក់វ៉ាក់សាំងដល់សត្វគោ ក្របី សូមចូលរួមសហ​ការ និងយកសត្វទៅចាក់ឱ្យបានគ្រប់ៗគ្នា។ លោក ព្រំ វិច ក៏បានសំណូមពរដល់​ប្រជា​ពលរដ្ឋដែលមានសត្វឈឺត្រូវធ្វើការទំនាក់ទំងជាមួយភ្នាក់ងារសុខភាពសត្វភូមិ និងអាជ្ញា ធរ​មូលដ្ឋានឱ្យបានលឿន ដើម្បីខាងមន្រ្តីជំនាញជួយរកវិធីសាស្រ្តសង្គ្រោះបានទាន់ពេល។

សូមបញ្ជាក់ថា ជំងឺដុំពកស្បែកគោនេះ បង្កដោយវីរុស(Poxviridae)​តាមរយៈសត្វ​ល្អិត​បឺតជញ្ជក់ឈាម មូស របោម រុយ ស្រួយ ដង្កែ ការចល័តសត្វឈឺ​ពីតំបន់មួយ​ទៅតំបន់​មួយ និងការស៊ីចំណីជុំគ្នា។ ជំងឺនេះ ជាជំងឺចាស់សម្រាប់ប្រទេសគេ តែថ្មីសម្រាប់​ប្រទេស​កម្ពុជា៕

ដោយ៖ ឃុត សៅ

You do not have permission to write comment on this post.

Log in Register