អាជ្ញាធររាជធានីភ្នំពេញ៖ ការស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ សម្រេចលទ្ធផលបាន ៨០ភាគរយ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ –មន្ដ្រីជំនាញសាលារាជធានីភ្នំពេញឱ្យដឹងថា ស្ពាននេះ ទទួលម៉ៅការសាងសង់ដោយ ក្រុមហ៊ុនវិនិយោគទុន អាណិកជនកម្ពុជា(OCIC) ដោយប្រើប្រាស់ ការសាងសង់ក្នុងរយៈពេល ៣០ខែ និងចំណាយថវិកាសាងសង់ប្រមាណ ២២លានដុល្លារអាម៉េរិក។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹង នៅរសៀលថ្ងៃនេះថា គិតត្រឹមថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ ការដ្ឋានសាងសង់ស្ពាន អាកាស និងផ្លូវក្រោមដីចោមចៅ សម្រេចលទ្ឋផលបាន ៨០ភាគរយ នៃគម្រោងហើយ។

លោកបន្តថា តាមកម្មវិធីការងារការដ្ឋាននេះនឹងបញ្ចប់ការសាងសង់នៅចុងខែមីនា ឆ្នាំ២០២២ខាងមុខ ខណៈ ស្ពានអាកាស និងផ្លូវក្រោមដីនេះក៏ត្រូវបានបើកឱ្យ ដំណើរជាបណ្តោះអាសន្ននៃផ្នែកខ្លះហើយដែរ ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ។

សូមរម្លឹកថា សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០កន្លងមកនេះ បានប្រកាសដាក់ឱ្យដំណើរការផ្លូវក្រោមដីនៅរង្វង់មូលចោមចៅ ជូនប្រជាពលរដ្ឋបានធ្វើចរាចរណ៍ជាបណ្តោះអាសន្ន ហើយក្រោយពីដាក់ឱ្យដំណើរ ការផ្លូវក្រោមដីជូនប្រជាពលរដ្ឋបានធ្វើចរាចរណ៍ជាបណ្តោះអាសន្ន ដោយមើលឃើញ ពីស្ថានភាពចរាចរណ៍ ពីផ្លូវជាតិលេខ៤ មកផ្លូវសហព័ន្ធរុស្ស៊ី មានលក្ខណៈល្អប្រសើរ។ ផ្លូវក្រោមដីនេះជាផ្លូវតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្ស៊ី មានប្រវែងសរុប ៤៧០ម៉ែត្រ ទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត ។

ផ្អែកតាមលក្ខណៈបច្ចេកទេសរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ការដ្ឋាននេះ ត្រូវសាងសង់ដោយបែងចែកជា៣ផ្នែកគឺ៖ ស្ពានទី១. ជាស្ពានអាកាសមេ តភ្ជាប់ចរាចរ ពីមហាវិថីសហព័ន្ធរុស្ស៊ី មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ៤០៨ម៉ែត្រ ទទឹង១៥,៨ម៉ែត្រ ដែលមានចរាចរពីរគន្លងទៅនឹងពីរគន្លងមកជម្រាលស្ពាន៤,៥ម៉ែត្រ និងមានកម្ពស់អតិបរមាដែលអាចចរាចរក្រោមស្ពានមាន៥,៥ម៉ែត្រ។ ស្ពានទី២. បំបែកចេញ ពីស្ពានអាកាសមេបត់ឆ្វេងតភ្ជាប់ចរាចរពីមហាវិថីសហព័ន្ធរុស្ស៊ីឆ្ពោះ ទៅផ្លូវវេងស្រេង សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត មាន ប្រវែងសរុប២០២ម៉ែត្រ (ស្ពានអាកាស ប្រវែង៤០ម៉ែត្រ ផ្លូវក្រោមដី ប្រវែង១១៨ម៉ែត្រ និងផ្លូវលើដីប្រវែង ៤៤ម៉ែត្រ) ទទឹង៥,២៥ម៉ែត្រ និងស្ពានទី៣. ជាស្ពានកោងបត់ឆ្វេងតភ្ជាប់ ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ២០៦ម៉ែត្រ (ស្ពានអាកាស ប្រវែង៦០ម៉ែត្រ ផ្លូវក្រោមដីប្រវែង១១៨ម៉ែត្រ និងផ្លូវលើដីប្រវែង២៨ម៉ែត្រ) ទទឹង៥,២៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។ ផ្លូវ និងផ្លូវក្រោមដី ជាផ្លូវកោង តភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៤ មានប្រវែងសរុប ១៣០ម៉ែត្រ (ផ្លូវក្រោមដី ប្រវែង១៣ ម៉ែត្រ និងផ្លូវលើដីប្រវែង១១៧ម៉ែត្រ) ទទឹង ៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។ ផ្លូវលើផ្ទៃដី ជាផ្លូវមេតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកផ្លូវវេងស្រេង មានប្រវែងសរុប ២៣៥ម៉ែត្រ ទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លង ទោចក្រយានយន្ត។ ផ្លូវក្រោមដី  ជាផ្លូវតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកមហាវិថី សហព័ន្ធរុស្ស៊ី ដែលមានប្រវែងសរុប ៤៧០ម៉ែត្រ ទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។ ល្បឿនសុវត្ថិភាព ៤០គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្រាប់ផ្លូវទទឹងទំហំ ទទឹង៨,៥ម៉ែត្រ។ ល្បឿនសុវត្ថិភាព ២៥គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្រាប់ផ្លូវទទឹងទំហំ ៥,២៥ម៉ែត្រ និងទំហំ៥,៥ម៉ែត្រ។

សូមបញ្ជាក់ថា  ស្ពាននេះ មានអាយុ កាល១០០ឆ្នាំ មានបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ រៀបចំបណ្តាញជុំវិញបរិវេណស្ពានអាកាស និងអាងស្តុកទឹកក្រោមដី មានទាំងបំពាក់ ម៉ូទ័របូមទឹកស្វ័យប្រវត្តិផងដែរ៕

ដោយ​ សួស សំរិត

You do not have permission to write comment on this post.

Log in Register