សម្ដេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលបាន និងកំពុងអនុវត្តយ៉ាងសកម្ម តាមរយៈដៃម្ខាងរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងស្ថេរភាពសង្គម និងដៃម្ខាងទៀត ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតសកលកូវីដ-១៩

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ –សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងថា រាជរដ្ឋាភិបាលបាន និងកំពុងអនុវត្តយ៉ាងសកម្ម តាមរយៈដៃម្ខាងរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងស្ថេរភាពសង្គម ដើម្បីទ្រទ្រង់ជីវភាពប្រជាជន និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងដៃម្ខាងទៀត ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតសកលកូវីដ-១៩ តាមគ្រប់រូបភាព ទាំងការបង្ការទប់ស្កាត់ ការព្យាបាល និងការស្ដារនីតិសម្បទាជនរងគ្រោះ និងសហគមន៍ដែលទទួលរងនូវផលប៉ះពាល់។

ថ្លែងបើកក្នុងពិធីបើកកម្មវិធីអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស និងជំងឺរាតត្បាតសកលកូវីដ-១៩ ឆ្នាំ២០២១ ក្រោមប្រធានបទ« សូមពិភពលោករួចផុតពីគ្រោះ នៃជំងឺរាតត្បាតសកលកូវីដ-១៩ និងអំពើជួញដូរមនុស្ស» តាមរយៈប្រព័ន្ធវីដេអូ នាល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការដាក់ប្រជាពលរដ្ឋ ឬ អ្នកត្រឡប់មកពីតំបន់មានហានិភ័យឱ្យស្ថិតក្នុងការធ្វើចត្តាឡីស័ក ឬ ការបិទខ្ទប់តំបន់ដែលមានអត្រាឆ្លង ឬចរន្តនៃការឆ្លងខ្ពស់ ឬផ្អាកការឆ្លងដែនខុសច្បាប់ នៅក្នុងដំណាក់កាលនៃការរឹតបន្តឹងវិធានការការពារសុវត្ថិភាព មិនមែនមានន័យថា ជាការបិទសិទ្ធិសេរីភាព ឬការរើសអើង ដូចក្រុមជនអគតិបង្កបញ្ហាមួយក្រុមដែលមាននិន្នាការប្រឆាំងផ្កាប់មុខ បាននិងកំពុងតែឃោសនាមួលបង្កាច់បំបាក់ស្មារតីប្រជាពលរដ្ឋ ប៉ុន្តែនេះគឺជាវិធានការការពារ សិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានកិច្ចការពារ ចៀសផុតពីការឆ្លងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព។

សម្ដេចតេជោបន្តថា បន្ទាប់ពីការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋជិតបានសម្រេចតាមផែនការជាស្ថាពរ រាជរដ្ឋាភិបាលប្ដេជ្ញាចិត្តសម្រេចឱ្យបាននូវគោលដៅចាក់វ៉ាក់សាំងជូនកុមារ យុវវ័យ អាយុចាប់ពី១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ឱ្យបានមុនដំណាច់ឆ្នាំ២០២១ ដើម្បីបង្កើតភាពសាំ កាត់បន្ថយការចម្លងចូលក្នុងសហគមន៍ ធ្វើឱ្យប្រជាជនមានជីវភាពប្រក្រតីឡើងវិញ ដើម្បីស្ដារសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។

សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះស្មារតីសាមគ្គីភាពមិត្តភាព និងការជួយគ្នាក្នុងគ្រាលំបាកនៃបណ្ដាប្រទេសជាមិត្ត ដែលបានផ្ដល់វ៉ាក់សាំងទាន់ពេលវេលា ជាពិសេសសាធារណរដ្ឋប្រជាមានិតចិនដែលជាប្រទេសឈានមុខក្នុងការផ្ដល់វ៉ាក់សាំង ទាំងជំនួយមនុស្សធម៌ ទាំងតាមការបញ្ជាទិញ ក៏ដូចជាប្រទេសជប៉ុន ប្រទេសអង់គ្លេស ប្រទេសអាម៉េរិក ដែលធ្វើឱ្យកម្មវិធីចាក់វ៉ាក់សាំងប្រព្រឹត្តទៅលឿនជាងការគ្រោងទុក។ សម្ដេចតេជោក៏បានថ្លែងអំណរគុណដល់អង្គការសហប្រជាជាតិប្រចាំកម្ពុជា ជាពិសេសអង្គការ WHO, IOM, UNFPA, UNICEF, FAO, UNDP និងអង្គការដៃគូអភិវឌ្ឍអន្តរជាតិ និងស្ថានតំណាងពីបណ្ដាប្រទេសនានាក្នុងសកលលោក ព្រមទាំងវិនិយោគិនបរទេស និងក្នុងស្រុកដែលតែងតែនៅជាមួយកម្ពុជា សហការជួយដោះស្រាយក្នុងស្ថានភាពដ៏លំបាកនេះ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា នៅឆ្នាំ២០២១នេះ វិបត្តិកូវីដ១៩ នៅតែបន្តឆ្លងរាតត្បាត ចំណែកការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែននានា ក៏កំពុងត្រូវបានជនឆ្លៀតឱកាសប្រើគ្រប់មធ្យបាយ ទាញយកផលចំណេញពីស្ថានការណ៍ដ៏លំបាកនេះ។ ដូច្នេះវេទិកាអន្តរសាសនាត្រូវតែរៀបចំតាមគន្លងថ្មី ដើម្បីក្រើនរំម្លឹកផ្នែកស្មារតីដល់ប្រជាជនគ្រប់ជាសាសន៍ និងជំនឿសាសនាក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាប្រជាជននៅលើពិភពលោក ដើម្បីផ្លាស់ប្ដូរ ហើយសម្របខ្លួនតាមបែបគន្លងថ្មីក្នុងសម័យកូវីដ ជាមួយនឹងការប្រកាន់ខ្ជាប់នូវស្មារតីមនុស្សធម៌ សណ្ដោសប្រណី យកចិត្តទុកដាក់ដល់អាយុជីវិត និងសេចក្ដីថ្លៃថ្នូរនៃមនុស្សជាតិគ្រប់ជាតិសាសន៍ និងជំនឿសាសនា។ សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏បានសម្ដែងនូវមោទកភាព ចំពោះការរក្សាបាននូវភាពសុខដុមរមនា នៃគ្រប់ជំនឿសាសនានៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈកិច្ចសហការយ៉ាងសកម្ម ជាពិសេសការអនុវត្តបានយ៉ាងខ្ជាប់ខ្ជួននូវវប្បធម៌ចែករំលែកមិនចេះរីងស្ងួត ជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងគ្រាដ៏លំបាក់នេះ៕

ដោយ ជឹម ណារី

You do not have permission to write comment on this post.

Log in Register