អង្គការBirdLife ជួយសង្រ្គោះសត្វក្រៀលមួយក្បាល ដែលជាប់មងប្រជាពលរដ្ឋ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ — ក្រុមការងារប្រចាំខេត្តរតនគិរី នៃអង្គការ BirdLife សហការជាមួយមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បានចុះជួយសង្រ្គោះសត្វក្រៀលមួយក្បាល ក្រោយទទួលព័ត៌មានពីអាជ្ញាធរ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែងថាមានសត្វក្រៀលមួយក្បាលបានជាប់មងរបស់ប្រជាពលរដ្ឋ។ នេះបើយោងតាមការចេញផ្សាយរបស់អង្គការ BirdLife។

សត្វក្រៀលនេះត្រូវបានប្រទះឃើញជាប់មង កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៩ព្រឹក នៅចំណុចដីក្រុមហ៊ុនកៅស៊ូផេស៊ីភីច ភើល ហើយសត្វក្រៀលនេះ ត្រូវបានជួយ          សង្គ្រោះដោយកម្មករក្រុមហ៊ុន និងបានមើលថែពីសំណាក់ក្រុមហ៊ុន។ បន្ទាប់ពីក្រុមការងាររបស់អង្គការ BirdLife បានធ្វើការពិនិត្យកាយសម្បទារ ឃើញថាសត្វក្រៀលនេះមានសុខភាពល្អ និងមិនមានរបួសអ្វីគួរឱ្យគត់សម្គាល់ទេ។ ក្រុមការងារក៏បានលែងវាត្រលប់ទៅព្រៃធម្មជាតិវិញនៅរសៀលថ្ងៃដដែលនោះ។ 

សូមបញ្ជាក់ថា សត្វក្រៀលគឺជាសត្វស្លាបដែលមានកម្ពស់ខ្ពស់ជាងគេលើពិភពលោក ហើយអាចហើរបាន ដែលជាទូទៅមានកម្ពស់ ប្រហែល ១,៧៦ ម៉ែត្រ មានទម្ងន់ពី៥ ទៅ១២ គីឡូក្រាម និងប្រវែងស្លាបទាំងសងខាង ២,៥ ម៉ែត្រ។ បក្សីនេះត្រូវបានចាត់ចូលជាប្រភេទកំពុងទទួលរងការគំរាមកំហែង (Vulnerable) ក្នុងបញ្ជីក្រហមពិភពលោក (IUCN Red List)។ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ចំនួនសត្វក្រៀលមានការថយចុះខ្លាំង៕    

ដោយ៖ ណយ នឿន ប្រភព៖ អង្គការ BirdLife

You do not have permission to write comment on this post.

Log in Register