អភិបាលខេត្តបន្ទាយមានជ័យ នាំយកផ្លែមៀន អំណោយដ៏ថ្លៃថ្លាសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចែកជូនពលរដ្ឋធ្វើចត្តាឡីស័ក និងព្យាបាលជំងឺកូវីដ១៩

Please log in or register to like posts.
ព័ត៌មាន

AKP បន្ទាយមានជ័យ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ — ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមនឹងក្រុមការងារនៅថ្ងៃទី២៣ ខែសីហាឆ្នាំ២០២១នេះបានអញ្ជើញបន្តចុះនាំយកផ្លែមៀនដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅចែកជូនដល់ពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក និងព្យាបាលជំងឺកូវីដ១៩ នៅតាមមណ្ឌលក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ឯកឧត្តម អ៊ុ រាត្រី បានមានប្រសាសន៍ថាក្នុងនាមរដ្ឋបាលខេត្តមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តបន្ទាយមានជ័យសូមគោរពថ្លែងអំណរ គុណជាពន្លឹកចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាល តែងតែគិតគូរ យកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងប្រទេសជាពិសេសក្នុងដំណាក់កាលដែលប្រទេសជាតិ កំពុងប្រយុទ្ធតស៊ូប្រឆាំងមេរោគរាតត្បាតជំងឺកូវីដ១៩នេះ។ ឯកឧត្ដមក៏សូមគោរពជូនពរសម្តេចទាំងទ្វេទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃជន្មាយុយឺនយូរនិងទទួលបានជោគជ័យត្រចះត្រចង់ក្នុងដឹកនាំប្រទេសជាតិឱ្យមានការរីកចម្រើន។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្តបន្ទាយមានជ័យក៏បានក្រើនរម្លឹកដល់បងប្អូនដែលកំពុងតែព្យាបាលជំងឺកូវីដ១៩ និងធ្វើចត្តាឡីស័កនៅតាមមណ្ឌលត្រូវចូលរួមថែរក្សាអនាម័យតាមវិធានសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន និងគោរពតាមការណែនាំរបស់ក្រុមគ្រូពេទ្យមន្ត្រីប្រចាំការដើម្បីឆាប់បានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញនោះ។

សូមបញ្ជាក់ថា ផ្លែមៀនដែលជាអំណោយរបស់សម្តេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ដែលឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យទទួលបានពីក្រុមការងារ ដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ចុះប្រមូលទិញផ្លែមៀន (តាង៉ែន)ពីប្រជាកសិករនៅខេត្តបាត់ដំបង។ នេះជាលើកទី២ដែលខេត្តទទួលផ្លែមៀន កាលពីយប់ថ្ងៃទី២២ សីហា ឆ្នាំ២០២១នេះចំនួន ២តោនបន្ថែមទៀត ដែលសរុបប្រមាណជាង ៤តោន ហើយដើម្បីបែងចែកជូនទៅកាន់ប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក និងព្យាបាលជំងឺកូវីដ១៩ តាមមណ្ឌលនានាតាមក្រុង ស្រុក ក្នុងខេត្ដបន្ទាយមានជ័យនោះ៕

ដោយ៖ ឈុន សារ៉ាត

You do not have permission to write comment on this post.

Log in Register