អាជ្ញាធរខេត្តបន្ទាយមានជ័យ បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ដល់កុមារ និងយុវវ័យ ចាប់ពីអាយុ ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ

Please log in or register to like posts.
ព័ត៌មាន

AKP បន្ទាយមានជ័យ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ — អាជ្ញាធរខេត្តបន្ទាយមានជ័យបានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់កុមារ និងយុវវ័យចាប់ពីអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ក្នុងក្របខ័ណ្ឌទូទាំងខេត្ត ដែលបានរៀបចំធ្វើឡើងនៅតាមមណ្ឌលសុខភាពទាំង៦៥ឃុំ សង្កាត់នោះ ។

ថ្លែងក្នុងឱកាសអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់កុមារ និង យុវវ័យកាលពីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ នៅមណ្ឌលសុខភាពអូរអំបិលក្រុងសិរីសោភ័ណ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានលើកឡើងថា  «យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នាពេលនេះ គឺបានមកពីគិតគូរ យកចិត្តទុកដាក់ខ្ពស់បំផុត ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ទៅដល់ក្មួយៗ ដើម្បីឱ្យមានសុខភាពមាំមួន ក្នុងការបង្កើនភាពស៊ាំ ឬអង់ទីគ័រការពារ ប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩»។  ឯកឧត្ដមអភិបាលខេត្តបានបន្តថា វ៉ាក់សាំងបង្ការនេះ ពិតជាបានចូលរួមចំណែក ជួយកាត់បន្ថយការឆ្លងរាលដាលនៃជំងឺកូវីដ១៩ បានមួយផ្នែកធំ បើទោះបីវាមានការឆ្លងមកបុគ្គលដែលបានចាក់ហើយក៏ដោយក៏អ្នកជំងឺមិនមានអាការៈធ្ងន់ធ្ងរ ដល់អាយុជីវិត នោះឡើយ។ 

ឯកឧត្តមអភិបាលខេត្តបានអំពាវនាវដល់ប្រជាពលរដ្ឋដែលបាននាំកូន ក្មួយៗមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩  ត្រូវមកតាមការកំណត់របស់អាជ្ញាធរ ដែលបានរៀបចំដើម្បីចៀសវាងការមកប្រជ្រៀតគ្នាត្រូវរក្សាគម្លាតសុវត្ថិភាពការប្រើអាល់កុល ជែលលាងដៃ និងម៉ាសឱ្យបានត្រឹមត្រូវតាមវិធានរបស់សុខាភិបាល។ 
ឯកឧត្តមក៏បានក្រើនរម្លឹកថា ក្រោយទទួលបានវ៉ាក់សាំងបង្ការរួចហើយ សូមប្អូនៗ ក្មួយៗ ត្រូវតែបន្តអនុវត្តនូវវិធានសុខាភិបាល «៣ការពារ និង៣កុំ» ដើម្បីចូលរួមចំណែកកាត់ផ្តាច់ខ្សែចម្លង និងជៀសឱ្យផុតពីការឆ្លងរាលដាល នៃជំងឺដ៏កាចសាហាវនេះ ខណៈដែលបច្ចុប្បន្ននេះ វីរុសបម្លែងខ្លួនថ្មី ប្រភេទ ដែលតា (Delta) ក៏បាននឹងកំពុងតែរាតត្បាតនៅក្នុងប្រទេសកម្ពុជាយើង ក៏ដូចជា បណ្ដាប្រទេសមួយចំនួន នៅក្នុងពិភពលោក គួរឱ្យព្រួយបារម្ភ នោះ៕

ដោយ៖ ឈុន សារ៉ាត

You do not have permission to write comment on this post.

Log in Register